នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនដែលជាកម្មករ បោសសម្អាតអនាម័យនិងបរិស្ថាននៅក្នុងទីប្រជុំជនក្រុងបាត់ដំបងប្រមាណ ១១០ នាក់ ជាកម្មករកម្មការិនីមកពីក្រុមហ៊ុនប្រមូលសម្រាម "ស៊ិនទ្រី" និង ក្រុមហ៊ុន "លៀប លឹម" ដោយបានពាំនាំនូវអំណោយអង្ករ ចំនួន១០ គ.ក្រ និង គ្រឿងឧបភោគ-បរិភោគមួយចំនួន ដូចជា៖ មី សាប៊ូ ទឹកត្រីទឹកស៊ីអ៊ីវ ម៉ាស់និងថវិកាចំនួន១ម៉ឺនរៀល សម្រាប់ជូនដល់បងប្អូ
នកម្មករម្នាក់ៗ ដែលបានប្រព្រឹត្តទៅនៅក្រុងបាត់ដំបង។
ឯកឧត្តម ងួន រតនៈ បានថ្លែង និងបានសំដែងនូវការដឹងគុណចំពោះឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលកន្លងមកនិងជានិច្ចជាកាល តែងតែផ្សារភ្ជាប់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាង១០ឆ្នាំមកនេះក្នុងកិច្ចការមនុស្សធម៌គ្រប់កាលៈទេសៈ និងការកសាងនូវសមិទ្ធផលនានាជាច្រើនទៀតក្នុងក្រុង និងបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្តម បាននាំយកនូវអំណោយជាស្បៀងអាហារបន្តិចបន្តួច ដើម្បីជួយផ្គត់ផ្គង់ដល់ការលំបាករបស់បងប្អូននិងក្មួយៗជាកម្មករ ក្នុងក្រុមហ៊ុន ស៊ីនទ្រី និងក្រុមហ៊ុន លៀប លឹម ដែលក្រុមហ៊ុនប្រមូលសម្រាមក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនកម្មករអនាម័យនិងសម្អាតបរិស្ថានក្នុងក្រុងបាត់ដំបង ទាំង១១០នាក់ ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានថ្លែងថា ៖អំណោយជាស្បៀងអាហារ រួមមាន៖អង្ករ មី សាប៊ូ ក្រមា ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស់ និង ថវិកាចំនួន១ម៉ឺនរៀលនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ផ្តល់តាមរយៈ ឯកឧត្តម ផ្ទាល់ ដើម្បីឧបត្ថម្ភជួយសម្រាលពីការលំបាកជីវភាពរស់នៅប្រចាំថ្ងៃបងប្អូន។ដោយឡែក ម៉ាស់ ចំនួន១០បន្ទះនេះ គឺជាអំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់បំពេញការងារប្រចាំថ្ងៃ។
ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ជានិច្ចជាកាល និងគ្រប់កាលៈទេសៈ ដែលបងប្អូនជួបប្រទះការលំបាក គឺមានតែក្រុមការងារទាំងថ្នាក់ជាតិ និអាជ្ញាធរដែនដី តែងតែជួយដោះស្រាយនូវបញ្ហានិងការលំបាកជូនដល់បងប្អូន និង ឆ្លើយតបបានទាន់ពេលវេលា ដោយមិនប្រកាន់នូវនិន្នាការនយោបាយឬព៌ណសម្បុរអ្វីឡើយ។ ហើយបើទោះបីពេលនេះ អំណោយទាំងនេះតិចតួចក៏ពិតមែន តែវាបានជួយសម្រាលដល់ការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ងិន ឃន ក៏បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនដែលជាកម្មករក្នុងក្រុមហ៊ុនទាំង២ ខាងលើផងដែរ ដោយបានគូស បញ្ជាក់ថា៖ បងប្អូនទាំងអស់ ក៏មានចំណែករួមយ៉ាងសកម្ម ក្នុងការធ្វើឲ្យទីក្រុងស្អាតប្រកបដោយអនាម័យនិងបរិស្ថានស្អាតល្អ។ ប្រសិនបើគ្មានវត្តមាន កូនក្មួយ ចៅៗ ទាំងនេះទេ ទីក្រុងយើងក៏មិនបានស្អាតល្អដែរ។ ដូចនេះ ក្មួយៗ ត្រូវតែបន្តខិតខំក្នុងការប្រមូលសម្រាមតាមទីប្រជុំជននៅក្នុងក្រុងយើងឲ្យបានកាន់តែស្អាតល្អបន្ថែមទៀត។គឺធ្វើយ៉ាងណា ឲ្យទីក្រុង-ខេត្តបាត់ដំបង នៅតែរក្សាខ្សែក្រវ៉ាត់ "ជាទីក្រុងស្អាតផ្ការំដួល៣ទង" បន្តទៀត។
ឯកឧត្តមអ្នកតំណាងរាស្ត្រ ក៏បានថ្លែងក្រើនរំលឹកនិងដាស់តឿនដល់កូនក្មួយជាកម្មករទាំងអស់ថាស្ថិតក្នុងស្ថានភាព ជម្ងឺកូវីដ-19 នៅមិនទាន់ធូរស្រាលនៅលើពិភពលោកនិងពីបណ្តាប្រទេសជិតខាងក៏ដោយ។ជាពិសេសនៅកម្ពុជាក៏មិនទាន់ជាសះស្បើយអស់នៅឡើយ ហើយមកទល់ពេលនេះអ្វីដែលកូនក្មួយត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួននោះ គឺការធ្វើអនាម័យជាប្រចាំក្នុងការលាងសម្អាតដៃនិងសាប៊ូ អាល់កុលនិងជែលដើម្បីសុខភាពអាយុជីវិតផ្ទាល់ខ្លួនម្នាក់ៗនិងដើម្បីបញ្ចៀសបានពីការឆ្លង និងការចម្លង នូវមេរោគកូវីដ-19 នេះឲ្យបានដាច់ខាត៕