រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតិតថ្លៃដល់កសិករ ដែលមានតម្រូវការដាំដុះដំណាំបន្លែ

  • 1.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ដោយឥតគិតថ្លៃ ដល់កសិករ ដែលមានតម្រូវការដាំដុះដំណាំបន្លែ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ លោកអភិបាល អភិបាលរង ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

លោក អ៊ុយ សុធាវី បានមានសន្ទរកថាស្វាគមន៍ក្នុងអង្គសិក្ខាសាលា និងបានលើកឡើងថា បច្ចុប្បន្នកសិករនៅក្នុងខត្តបាត់ដំបង បានបង្កើនការដាំបន្លែជាបន្តបន្ទាប់ ដែលមានទាំងការដាំបន្លែសរីរាង្គ បន្លែសុវត្ថិភាព និងបន្លែរោងសំណាញ់យូវីជាដើម ដែលបន្លែទាំងអស់នេះ អាចផ្គត់ផ្គង់ក្នុងខេត្តផង និងនាំទៅលក់នៅរាជធានីភ្នំពេញផង និងតាមបណ្ដាខេត្តមួយចំនួនទៀត ។

ឯកឧត្តម វង់ សណ្តាប់ មានប្រសាសន៍ថាអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវជំរុញ និងត្រូវចុះស្រង់ស្ថិតិកសិករដែលជាអ្នកដាំបន្លែឲ្យពិតប្រាកដច្បាស់លាស់ ដើម្បីរាជរដ្ឋាភិបាលចែកជូនពូជបន្លែដល់ពួកគាត់បានត្រឹមត្រូវ ហើយពួកគាត់អាចយកទៅដាំដុះបានផល សម្រាប់បរិភោគខ្លួនឯងផង និងសម្រាប់ការផ្គត់ផ្គង់ក្នុងទីផ្សារផង ចៀសវាងផ្ដល់ដល់អ្នកមិនចូលចិត្តដាំបន្លែ ហើយយកពូជទៅទុកចោល ។

ឯកឧត្តម វង់ សណ្ដាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានប្រសាសន៍ថា ដោយសារគ្រាប់ពូជបន្លែមានកំណត់ អាជ្ញាធរត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់កសិករ កម្មករ ឬពលរដ្ឋចង់ដាំបន្លែពិតប្រាកដ មកទទួលយកគ្រាប់ពូជតាមទីកន្លែង ឬពេលវេលាកំណត់ ដើម្បីចែកដល់ពួកគាត់ ព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺចង់ឲ្យគ្រាប់ពូជទាំងអស់នោះ យកទៅដាំបន្ត ។

ឯកឧត្តមបានបន្តថា ការយកគ្រាប់ពូជបន្លែទៅដាំបានពិតប្រាកដនេះ វាអាចឲ្យកម្ពុជាមានបន្លែសម្រាប់បរិភោគកាន់តែច្រើន ហើយអាចជួយកាត់បន្ថយនូវការនាំចូលពីក្រៅប្រទេស និងបើការដាំបន្លែមានសុវត្ថិភាពទៀតនោះ គឺអាចនាំចេញទៅទីផ្សារអន្តរជាតិបានផងដែរ ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានចែកពូជបន្លែដល់កសិករដោយឥតគិតថ្លៃចំនួនជាង២៩៤ ០០០គ្រួសារ ។ ពាក់ព័ន្ធនឹងការដាំបន្លែនេះដែរ រាជរដ្ឋាភិបាលបានទម្លាក់ឥណទានកម្ចីចំនួន ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ដើម្បីឲ្យកសិករខ្ចីក្នុងអត្រាការប្រាក់ទាបបំផុត ក្នុងការយកទុនទៅបង្កើនការដាំដុះបន្លែថែមទៀត ក្នុងគោលបំណងកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ ៕

អត្ថបទទាក់ទង