រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកាកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

  • 2.3ពាន់
  • ដោយ Sotheavy

នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកាកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួម ឯកឧត្តម ងួន រតន: អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបជាអភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅសាលាខេត្ត បាត់ដំបង មានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៩ និងថ្នាក់ដឹកនាំ ក្រុមការងារសមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត ក្រុង ស្រុក ចូលរួមជាច្រើននាក់ផង។

បន្ទាប់ពីឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ឡើងមានមតិស្វាគមន៍និងបើកដំណើរការកិច្ចប្រជុំរួចមក។

លោកនាយករងសាខាខេត្តបានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងារមនុស្សធម៌រយ:ពេល១ឆ្នាំកន្លងមក និងទិសដៅការងារបន្តឆ្នាំ២០២០សាខាជូនអង្គប្រជុំបានជ្រាប។

ឯកឧត្តម ងួន រតន: អញ្ជើញមានមតិពីទិសដៅអនុវត្តទិសដៅការងារបន្តឆ្នាំ២០២០មាចដូចជា បញ្ហាទឹកប្រើប្រាស់កំពុងមានការខ្វះខាតទឹកប្រើប្រាស់ ដោយអាងស្តុកទឹកនានារបស់ ក្រសួងនិងមន្ទីរធនធានទឹកនៅក្នុងខេត្តបាត់ដំបង នៅមានកម្រិត ពុំមានលទ្ធភាពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ដែលរស់នៅទីឆ្ងាយពេក និងយើងត្រូវរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីបំពេញតំរូវការចាំបាច់និងសំខាន់ជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ការងារកាកបាទក្រហមយើង ដើម្បីបម្រើឲ្យសកម្មភាពអនុវត្តការងារទៅបានល្អ យើងក៏ត្រូវការប្រភពចំណូលពីសប្បរសជនផងដែរ សម្រាប់យកមកទ្រទ្រង់ការងារនេះឲ្យបានរលូនកាន់តែល្អប្រសើឡើងផងដែរ។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា បន្ទាប់លើពីបានបង្កើតថ្នាក់ដឹកនាំសាខាបាត់ដំបងក្នុងអណត្តិទី៥នេះ ក្នុងនាមកាកបាទក្រហមកម្ពុជាសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកាកបាទក្រហមខេត្តបាត់ដំបងបានខិតខំប្រឹងប្រែងធ្វើការងារបានល្អដើម្បីប្រជាពលរដ្ឋពិសេសសម្រាប់ជនរងគ្រោះផ្សេងៗគ្រប់ទិសទីទាន់ពេលវេលា។

លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា អំពីឋាន:ស្របច្បាប់របស់កាកបាទក្រហមស្ថិតក្រោមការគ្រងរបស់រដ្ឋ គឺផ្អែកលើគោលការណ៍គ្រិះទាំង៧ និងធ្វើដោយស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំអ្នកណាម្នាក់ឡើយ ដូច្នេះយើងទាំងអស់ គ្នាត្រូវរួមគ្នាដោយស្ម័គ្រចិត្តលើការងារមនុស្សធម៌ និងបានរំលឹកអំពីបដិរូបនៃភាពមនុស្សធម៌ និងបានបញ្ជាក់លម្អិតពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់កាកបាទក្រហមកម្ពុជាដែលប្រតិបត្តិការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម(ហៅកាត់ថា គោលការណ៍គ្រឹះទាំង៧របស់ចលនា) ដែលរួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ឯកភាព និងសាកលភាព។

លោកជំទាវអគ្គលេខាបន្តទៀត បញ្ហាកង្វះទឹកកំពុងជួបប្រទះ គឺនៅខេត្តបន្ទាយមានជ័យបានកើតមុនគេ ហើយយើងត្រូវរិះរកមធ្យោបាយជាការបន្ទាន់ និងប្រញាប់បំផុតដើម្បីជួយប្រជាប្រពលរដ្ឋរងគ្រោះគ្រប់ប្រភេទនៅកន្លែងផ្សេងទៀតនិងអំពីសុខភាព ព្រមទាំងការងារផ្សេងៗជាច្រើនទៀតផងដែរ។

លោកជំទាវ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាជាស្ថាប័នឯករាជ្យ តែឋិតនៅក្នុងច្បាប់របស់រាជរដ្ឋាភិបាល ដោយដើរតួនាទីព្យាក្រិត្យមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ តែបើបុគ្គលណាចង់ចូលរួមផ្នែកមនុស្សធម៌ក៏ជាសិទ្ធបុគ្គលរបស់គេទេ។

អត្ថបទទាក់ទង