រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ទទួលជួបសំណេះសំណាលជាមួយសិស្សពូកែទទួលមេដាយមាស ១៦ នាក់ នៃសាលាចំណេះទូទៅអន្តរជាតិឌូវី

  • 1.5ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបសំណេះសំណាលជាមួយសិស្សពូកែទទួលមេដាយមាស១៦នាក់ នៃសាលាចំណេះទូទៅអន្តរជាតិឌូវី តំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមការប្រឡងវិទ្យាសាស្ត្រ និងគណិតវិទ្យាអន្តរជាតិ អាស៊ានអូឡាំព្យាដ (ASMO) វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ ដើម្បីអបអរសាទរដល់សិស្សឆ្នើមប្រចាំខេត្តបាត់ដំបង នៅសាលាខេត្ត។

លោក គឹម រស្មី នាយកក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណលបានរាយការណ៍ជូនឯកឧត្តអភិបាលខេត្តថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៣ ខែធ្នូឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះសិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិឌូវី ចំនួន ៤ក្រុម ស្មើនឹង១៦នាក់ ត្រូវបានជ្រើសរើសតាមរយៈការប្រឡងជម្រុះក្នុងចំណោមបេក្ខជនបេក្ខនារីជាច្រើន ដើម្បីតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រឡងវិទ្យាសាស្ត្រ និងគណិតវិទ្យាអន្តរជាតិ អាស៊ានអូឡាំព្យាដ(ASMO) វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងឆាងសា ខេត្តហូណាន សាធារណៈរដ្ឋប្រជាមានិតចិន ដែលត្រូវប្រកួតប្រជែងជាមួយសិស្សានុសិស្សមកពី១៥តំបន់នៃប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាកាវនិងប្រទេសផ្សេងៗ ទៀតមានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី អឺរ៉ង់ ជាដើម ដែលមានបេក្ខជនបេក្ខនារីសរុបជាង៣០០នាក់។

លោកនាយកក្រុមហ៊ុនឌូវី បានបញ្ជាក់ថា សម្រាប់ដំណើរការប្រឡង និងកំណែនៃវគ្គជម្រុះប្រចាំប្រទេសនេះទៀតសោត គឺធ្វើឡើងដោយសុក្រិតបំផុត ពីគណៈកម្មការប្រឡង និងកំណែនៃក្រុមអ្នកជំនាញអន្តរជាតិនៅការិយាល័យកណ្តាលក្នុងប្រទេស ម៉ាឡេស៊ី។

ឯកឧត្តម ងួន រតនៈ បានធ្វើការកោតសរសើរចំពោះលោកគ្រូ ដែលបានយកចិត្តទុកដាក់បង្រៀន ព្រមទាំងឪពុកម្តាយ ដែលបានបញ្ជូនកូនទៅរៀន ជាពិសេសក្មួយៗសិស្សានិសិស្ស ដែលខិតខំរៀនសូត្រ រហូតបទទួលបានជ័យលាភីមេដាយមាសជូនប្រទេសជាតិ ក៏ដូចមុខមាត់ជូនដល់ខេត្ត ក្រុមគ្រួសារ និងខ្លួនឯងផងដែរ។ ឯកឧត្តម ក៏បានផ្តាំដល់សិស្សានុសិស្សត្រូវបន្តខិតខំរៀនសូត្របន្តទៀត ដើម្បីក្លាយជាទំពាំល្អ ឫស្សីល្អ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនបន្តទៀត។

សូមបញ្ជាក់ថា៖ ជាកូតាក្នុងមួយប្រទេសអាចបញ្ជូនតំណាងចំនួន៤ក្រុមស្មើនឹង១៦នាក់ ឬ តិចជាងនេះតែប៉ុណ្ណោះ។

ជាលទ្ធផលសិស្សកម្ពុជាយើចំនួន១ក្រុមទទួលបានពានជើងឯកលើវិញ្ញាសាក្រុម និងសិស្សម្នាក់ទទួលបានមេដាយសំរឹទ្ធិលើវិញ្ញាសារបុគ្គល បន្ថែមទៅលើមេដាយមាសតំណាងប្រទេសម្នាក់មួយទាំង១៦នាក់។ នេះជាមោទនៈភាពមួយសម្រាប់ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជា ដែលទទួលបានជ័យជំនៈត្រឡប់មកវិញ ក្នុងគ្រាដែលនេះជាបទពិសោធន៍ថ្មី លើកទី១ទៅលើប្រភេទការប្រឡងដ៏លំបាកនេះ ហើយក៏ជាជ័យជំនះដែលបានទទួលក្នុងលំដាប់ជើងឯកប្រទេស ដែលមានការជម្រុះច្រើនដងក្នុងចំណោមបេក្ខជនរាប់សែននាក់។លើកទី២ អ្វីដែលពិសេសសម្រាប់ខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា តាមរយៈការចុះហត្ថលេខាទទួលសិទ្ធិជាតំណាងចែកចាយផ្តាច់មុខសម្រាប់ប្រទេសកម្ពុជា រវាងក្រុមហ៊ុនឌូវី អ៊ិនធើណេសិនណលនិងASMOអន្តរជាតិ កម្មវិធីប្រឡងផ្នែកវិទ្យាសាស្រ្តអូឡាំព្យាដនិងគណិតវិទ្យាអូឡាំព្យាដនឹងត្រូវដាក់ឲ្យសិស្សានុសិស្សគ្រប់មជ្ឍដ្ឋានទាំងរដ្ឋ និងឯកជនទូទាំងប្រទេសកម្ពុជាចូលរួមប្រឡងក្នុងតម្លៃមួយដែលទាបជាងគេបំផុត ដែលវគ្គជម្រុះប្រចាំប្រទេសនឹងធ្វើឡើងក្នុងអំឡុងខែឧសភា ឆ្នាំ២០២០។ អ្វីដែលកាន់តែវិសេសវិសាល និងជាទីមោទនៈនោះគឺ ខេត្តបាត់ដំបងប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រឡងវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០២១ ដែលមានប្រទេសចូលរួមជាង២០ប្រទេសតាមការគ្រោងទុករបស់អគ្គនាយកASMOអន្តរជាតិ។ ដោយឡែកដោយចង់សម្រួលដល់សិស្សានុសិស្សក្នុងខេត្តបាត់ដំបងទាំងមូល និងខេត្តក្នុងភូមិភាគពាយព្យសាលាបានសហការនាំចូលមកនូវការប្រឡងប្រភេទអូឡាំព្យាដផ្សេងៗគ្នាមួយចំនួនទៀតដូចជា៖ កម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិអូឡាំព្យាដ២០២០ខាងមុខនេះ៕

អត្ថបទទាក់ទង