រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យ ក្រោមប្រធានបទ ” ខ្ញុំឆ្លាត ខ្ញុំលាងដៃ និងសាប៊ូ “

  • 1.4ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ចើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យ ក្រោមប្រធានបទ " ខ្ញុំឆ្លាត ខ្ញុំលាងដៃ និងសាប៊ូ " ដែលបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម ស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួម មន្ទីរ អង្គភាព អភិបាលរងក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនទៀត។

លោក អ៊ុយ សុធាវី បានលើកឡើងថា៖ ការអប់រំអំពីអនាម័យជាប្រចាំនៅតាមសាលារៀន នឹងធ្វើឱ្យកុមារ មានការផ្លាស់ប្តូរ ទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរ នៅតាមគ្រួសារ ប្រសិនបើនៅក្នុងគ្រួសារកង្វះនូវអនាម័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ វាគឺជាមូលហេតុចម្បងធ្វើឱ្យប៉ះពាល់ទៅដល់ការលូតលាស់របស់កុមារ វាបង្កឱ្យឆ្លងដង្កូវព្រូន និងធ្វើឱ្យកុមារមានភាពស្លេកស្លាំង អាចឈានទៅរកការកង្វះនូវអាហារូបត្ថម្ភ ដោយប្រឈមនឹងភាពក្រិន បន្ទច់បង្អាក់ដល់ដំណើរការ នៃការលូតលាស់ របស់កុមារទាំងផ្នែករាងកាយ និងផ្នែកស្មារតី ដោយសារតែកើតជំងឺរាករូសជំងឺផ្លូវដង្ហើមស្រួចស្រាល់ ជំងឺក្រិន ជំងឺខ្វះអាហារូបត្ថម្ភ និងជំងឺភ្នែកក្រហមជាដើម...។

លោកអភិបាលរងខេត្តបាត់ដំបង បានបន្តបញ្ជាក់បន្ថែមទៀតថា:ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន វានឹងធ្វើឱ្យកុមារមានការផ្លាស់ប្តូរទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារនីមួយៗ។ហើយឆ្នាំនេះគឺជាឆ្នាំទី១ដែលខេត្តបាត់ដំបងយើងបានប្រារព្ធនូវ"ទិវាពិភពលោកលាងសម្អាតដៃគឺ ក្នុងគោលបំណងដើម្បីឱ្យការលាងសម្អាតដៃនឹងសាប៊ូប្រែក្លាយជាទម្លាប់ ព្រោះជាដៃរបស់យើងនិងអនាគតរបស់យើង”។

លោកបន្តទៀតថា ក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ខ្ញុំសូមស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៍នានា អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមនូវគ្រប់សកម្មភាព ដល់ការលើកកម្ពស់អនាម័យនៅតាមសាលារៀន។ បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ ការវិនិយោគជាមួយវិស័យអប់រំ នឹងបានផលចំណេញយ៉ាងច្រើន សម្រាប់សង្គមជាតិទាំងមូលនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ខ្ញុំនិងសង្ឃឹមដោយការរំពឹងទុកថា៖ ការប្តេជ្ញាចិត្ត ការខិតខំក្នុងការអនុវត្ត នូវ សកម្មភាពសុខភាពសិក្សារបស់យើងទាំងអស់គ្នា គឺជាការរៀបចំនូវអនាគតសម្រាប់អ្នកជំនាន់ក្រោយ និងដើម្បីធ្វើឱ្យធានាដល់ការរស់នៅប្រកបដោយភាពថ្លៃថ្នូររុងរឿងរបស់ប្រជាជនយើងគ្រប់ៗរូប។

សូមជម្រាបជូនដែរថា លោក អ៊ុយ សុធាវីអភិបាលរងខេត្ត ក៏បានឧបត្ថម្ភនូវថវិកាចំនួន ១លានរៀលនៅក្នុងកម្មវិធីនេះ ផងដែរ ។

លោកតំណាងអង្គការដៃគូអភិវឌ្ឃន៍បានលើកឡើងបន្តទៀតថា: ការទម្លាប់លាងសម្អាតដៃជាមួយនឹងសាប៊ូ គឺជាកិច្ចការ ដែលយើងត្រូវចូលរួមទាំងអស់គ្នា។ ហើយលោកបានបន្តទៀតថា នៅក្នុងកិច្ចសហការរៀបចំនូវទិវាពិភពលោកលាងសម្អាតដៃ នៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីជំរុញនូវការផ្សព្វផ្សាយពីសារៈសំខាន់នៅក្នុងការអនុវត្តការលាងសម្អាតដៃជាមួយនឹងសាប៊ូ។ ហើយក៏ជាឱកាសមួយនៅក្នុងការតស៊ូមតិ ដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ ពីអ្នកពាក់ព័ន្ធ។ជាពិសេសនោះពីអាជ្ញាធរគ្រប់ថ្នាក់នៅក្នុងខេត្ត ពីបណ្តាមន្ទីរអង្គភាពនានាបណ្តាការិយាល័យជំនាញសាលារៀន លោកគ្រូ-អ្នកគ្រូមាតា-បិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស។ ជាពិសេស ប្អូនៗសិស្សានុសិស្ស ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងពីគណៈគ្រប់គ្រងសាលារៀននីមួយៗ។ ហើយវាក៏ជាសារមួយ ដែលយើងទាំងអស់គ្នាត្រូវយល់ និងគិតថា៖" ខ្ញុំឆ្លាត! ខ្ញុំលាងដៃ និង សាប៊ូ! យើងឆ្លាត! យើងលាងដៃ នឹង សាប៊ូទាំងអស់គ្នា! ដៃយើង!អនាគតយើង! និងសុខភាពយើង។ហើយសុខភាព គឺ៖ ជារឿងសំខាន់ណាស់ ប្រសិនបើមានចំណេះដឹង និងមានទ្រព្យ តែសុខភាពយើងមិនល្អ? គឺយើងមិនអាចធ្វើអ្វីបានទេ? ជា ពិសេស គឺមិនអាចជួយក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនបានឡើយ៕

អត្ថបទទាក់ទង