រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ  ១៥ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម អេ សារុំ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អភិបាល ក្រុង ស្រុកលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតមកពីសាលវិទ្យាល័យបនានា ចូលរួមជិត២០០នាក់។

តាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតលេខ៤៦៨គជប.សសរ ចុះថ្ងៃទី០៤ ខែធ្នូឆ្នាំ២០១៩
បានសម្រេចតែងតាំងលោក សុខ ហ៊ីង ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង និងលោក កង សុជន ជាអនុប្រធាន។ ចំណែកលោក វន ពន និងលោក ហែម សិលា អតីតប្រធាន-អនុប្រធាន ដែលត្រូវផ្ទេភារកិច្ចថ្មីនិងចូលនិវត្តន៍។

បន្ទាប់ពីពិធីប្រគល់សេចក្ដីសម្រេចនិងត្រារួចមកលោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានឡើងប្ដេជ្ញាចិត្ត៖ អនុវត្តឲ្យបានម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់ គ ជ ប ,គោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីកំណែទម្រង់ការបោះឆ្នោត រចនា
សម្ព័ន្ធនៃអគ្គលេខាធិការដ្ឋាន, លុបបំបាត់រាល់បាតុភាពអសកម្មទាំងឡាយដែលកើតមាន, បង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាជិកទាំងអស់នៅក្នុងលេខាធិការដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយម ចំពោះស្មារតីដឹកនាំ គ្រប់គ្រងរបស់លោក វន ពន និងលោក ហែម សិលា អតីតប្រធាន-អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អជាមួយគណបក្សនយោបាយអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឲ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន។

ជាមួយគ្នានោះ ឯកឧត្តម មាន សទិ ក៏បានផ្ដាំផ្ញើរដល់ ប្រធាន និងអនុប្រធាន ដែលទើបតែងតាំងថ្មីនេះ លើកកម្ពស់សមត្ថភាពបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំផងដែរ៕

អត្ថបទទាក់ទង