រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍

  • 1.5ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ អនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ដោយមានការអញ្ចើញចូលរួមពី លោកប្រធាន អនុប្រធាន មន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគបាលខេត្ត ការិយាល័យចរាចរណ៍ខេត្ត អ្នកស្មគ្រ័ចិត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត សរុបប្រមាណ ៦៥ នាក់ បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍តាមផ្លូវជាតិជាតិលេខ៥ ខាងមុខរង្វង់មូលលោកតាដំបងគ្រញូង មុនពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ។

លោក សឿម ប៊ុនរិទ្ធិ អនុប្រធានគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធ ខិតបណ្ណ័នានា នឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បិទចំណាំងផ្លាស និងមានការរៀបចំជាកម្មវិធីសំនួរ-ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាពពីក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។

លោកអភិបាលរង នៃគណៈអភិបាលខេត្ត បានបន្តទៀតថា សារសុវត្ថិភាពចរាចរណ៍នៃយុទ្ធនាការនេះ ស្របតាមខ្លឹមសារគោលរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មាន ១១ ចំណុច ដែលមានខ្លឹមសារជាមូលដ្ឋានដូចខាងក្រោម៖
១/ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។
២/ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។
៣/ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៤/ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
៥/ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦/ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៧/ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។
៨/ មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។
៩/ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។
១០/ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
១១/ការពារជីវិតអ្នក កុំបើកបរហួសល្បឿនកំណត់!

សូមជម្រាបជូនថា ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់យ៉ាងច្បាស់អំពីល្បឿនបើកបរក្នុងទីប្រជុំជនសម្រាប់ម៉ូតូ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងរថយន្ត ៤០ គីឡូម៉ែតត្រក្នុងមួយម៉ោង ដោយឡែកនៅក្រៅទីប្រជុំជនសម្រាប់ម៉ូតូ និងរថយន្ត ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ៕

អត្ថបទទាក់ទង