រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង

  • 583
  • ដោយ Admin


នៅរសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ និងអាជីវករ ឱ្យមានការយល់ដឹងអំពីមុខងារសំខាន់ៗនៃផែនទីទេសចរណ៍ ដែលមានលក្ខណៈជាឌីជីថលមួយនេះ ក្រោយពេលដែលឯកឧត្តម សុខ លូ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនទីទេសចរណ៍មួយនេះ ។


តាមរយៈផែនទីទេសចរណ៍នេះដែរ ក៏មានភ្ជាប់មកជាមួយនូវ QR Code អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការចូលមើលព័ត៌មានផ្សេងៗ ឬទីតាំងរមណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ។ល។ ដែលភ្ញៀវទេសចរចង់ទៅ ដោយគ្រាន់តែ ស្កេនQR Code នោះនឹងរត់ទៅរកគេហទំព័រផែនទីទេសចរណ៍នោះតែម្ដង ។ តាមរយៈនៃការបង្ហាញផែនទីទេសចរណ៍នេះ គឺផ្តោតសំខាន់ ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តបាត់ដំបង ដើម្បីជាការទាក់ទាញជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្ត និងថែមទាំងជួយសម្រួល ដល់ការសិក្សាស្វែងយល់ និងស្រាវជ្រាវ របស់សិស្សនិស្សិត ហើយក្នុងនោះក៏បានបង្ហាញ អំពីរមណីយដ្ឋាន អាហារដ្ឋាន ភោជនីយដ្ឋានដែលមាននៅក្នុងខេត្តផងដែរ ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរ និងផ្តល់នូវការគាំទ្រចំពោះក្រុម"ស្នាដៃខ្មែរ" ដែលបានខិតខំរៀបចំគម្រោងខាងលើនេះដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានភាពងាយស្រួលកាន់តែទូលំទូលាយថែមទាំងជួយបង្កលក្ខណៈ ងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចង់មកទស្សនា និងមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែ"ស្កេនQRCode"នឹងបង្ហាញនូវផែនទីទេសចរណព្រមទាំងគោលដៅសំខាន់នានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមានបំណងចង់ទៅ ៕

ឯកឧត្តម ក៏បានជំរុញឲ្យបណ្តាមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើកិច្ចសហការជាមួយក្រុមអ្នកជំនាញដើម្បីផ្ដល់ព័ត៌មាន និងបញ្ចូលទិន្នន័យសំខាន់ៗចាំបាច់ដែលពាក់ព័ន្ធក្នុងខេត្តដើម្បីដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ធ្វើការពន្យល់ណែនាំ ដល់ប្រជាពលលរដ្ឋដែលជាម្ចាស់រមណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ពីគុណប្រយោជន៍នៃផែនទីទេសចរណ៍ និងបង្រៀនអំពីរបៀបនៃការបញ្ចូលទិន្នន័យដោយខ្លួនឯងចូលនៅក្នុងផែនទីទេសចរណ៍ ដើម្បីឱ្យមានព័ត៌មានកាន់តែច្រើនឡើងៗផងដែរ ៕

អត្ថបទទាក់ទង