រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧៥ គ្រួសារ នៅស្រុកបាណន់ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តមបណ្ឌិត ប៊ុន គឹមស៊ាន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាកិត្តិយសក្នុងការផ្តល់អំណាយជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៧៥គ្រួសារ នៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ ស្ថិតនៅវត្តកន្ទឺ និងទីតាំងទី២ ស្ថិតនៅសាលាបឋមសិក្សាបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង  ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម  ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អស់លោក លោកស្រី អនុប្រធានសាខាកាកក្រហមកម្ពុជាខេត្ត លោកអភិបាល អភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

នៅក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចគតិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិនានាកន្លងមកដូចជា ៖ ទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើមនេះផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ជាធម្មតានៃធម្មជាតិ និងប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន នៅពេលមានភ្លៀងធ្លាក់ដើមរដូវ ឬភ្លៀងកក់ខែមុនដំបូងគេ តែងតែមានការលាយឡំគ្នាជាមួយខ្យល់ ផ្គររន្ទះ ដែលបណ្តាលធ្វើឱ្យផ្ទះសម្តែងរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនរងការខូចខាត និងមានការស្លាប់បាត់បង់ជីវិតមនុស្ស សត្វផងដែរ។

គូសបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី ៥ មេសា ២០២១ មានក្រុង ស្រុក ចំនួន ៥ រួមមាន ៖ ក្រុងបាត់ដំបង ស្រុករតនមណ្ឌល សង្កែ បាណន់ និងស្រុកភ្នំព្រឹក ដែលបានរងគ្រោះដោយសារខ្យល់កន្ក្រាក់ បណ្តាលរបើងដំបូលផ្ទះប្រមាណ ៩៣ ខ្នង និងរន្ទះបាញ់ ២លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ២នាក់ ។

អត្ថបទទាក់ទង