រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ផ្លូវមួយខ្សែក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានរដ្ឋបាលខេត្តចាប់ផ្ដើមជួសជុល និងត្រៀមចាក់កៅស៊ូជូនប្រជាពលរដ្ឋប្រើប្រាស់

  • 643
  • ដោយ Admin

នៅរសៀលថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្ដីជំនាញ ចុះត្រួតពិនិត្យផ្លូវមួយខ្សែប្រវែង១១.៥គីឡូម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការជួសជុល និងចាក់កៅស៊ូជូនប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ ការជួសជុលផ្លូវមួយខ្សែនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះផងដែរ ។ ឯកឧត្តម មានប្រសាសន៍នាក្នុងឱកាសនោះថា ដោយសារបច្ចុប្បន្ននេះ ដោយសារប្រជាពលរដ្ឋរស់នៅច្រើនជាងមុន ហើយដំណាំកសិកម្ម ការដឹកជញ្ជូន ប្រព័ន្ធទឹកមានគ្រប់គ្រាន់ ហើយដោយសារមានការចូលរួមពីប្រជាពលរដ្ឋក្នុងការលះបង់នូវចំណីផ្លូវជូនរដ្ឋ ដោយដើមឡើយគឺទំហំផ្លូវគឺត្រឹមតែមួយរទេះតែប៉ុណ្ណោះ តែក្រោយពីជួសជុលរួចផ្លូវនេះនឹងកាន់តែធំ ប្រែមុខប្រែមាត់ភូមិឋានប្រជាពលរដ្ឋ ងាយស្រួលក្នុងការដឹកជញ្ជូន ការដឹកជញ្ជូនចំណាយពេលតិច ហើយចំណេញថវិកាជាងមុនទៀត ។

ឯកឧត្តម ក៏ផ្ដាំផ្ញើនៅពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវការឆ្លងកូវីដ-១៩ជាសហគមន៍ ឬព្រឹត្តិការណ៍២០កុម្ភៈ ដោយប្រជាពលរដ្ឋបន្តការពារ និងគោរពទៅតាមអនុសាសន៍៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុនសែន ក្នុងនោះរួមមាន ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។ ឯកឧត្តមក៏បានបន្តផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលមានកូនឬចៅ ឬសាច់ញាតិនៅប្រទេសថៃ ឬប្រទេសជិតខាងដែលកំពុងឆ្លងរីករាលដាលកូវីដ-១៩នៅក្នុងសហគមន៍ ផ្ដាំពួកគាត់កុំអាលទាន់មកស្រុកវិញ ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ព្រោះនៅពេលដែលមកក៏អាជ្ញាធរយកគាត់មកដាក់ចត្តាឡីស័ក១៤ថ្ងៃ ហើយបើមានរោគសញ្ញាសង្ស័យគឺបន្ត១៤ថ្ងៃទឿត ដូចនេះផុតថ្ងៃចូលឆ្នាំបាត់ទៅហើយ ហើយបើសិននៅក្នុងប្រទេសថៃ នៅកន្លែងស្នាក់នៅរបស់គាត់អាចមានសុវត្ថិភាពជាងពេលដែលគាត់ត្រឡប់មកវិញ ធ្វើដំណើរជាមួយអ្នកកើតជម្ងឺនេះ ។ ឯកឧត្តមបានបន្តទៀតថា បើសិនប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញហើយ ហើយគេចវេសមិនចូលរួមធ្វើចត្តាឡីស័ក ឬរត់គេច ក៏អាចប្រឈមមុខនឹងច្បាប់ដោយការផាកពិន័យជាសាច់ប្រាក់ធ្ងន់ធ្ងរ ហើយបើសិនប្រជាពលរដ្ឋឃើញថាសាច់ញាតិ ឬអ្នកជិតខាងមកពីប្រទេសថៃ មិនបានធ្វើចត្តាឡីស័កទេ សូមរាយការណ៍ដល់អាជ្ញាធរដើម្បីយកគាត់ ឬអាចដល់ក្រុមគ្រួសារទាំងអស់ទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀតផងដែរ ៕

https://novusnexus.lt/bendrasis-duomenu-apsaugos-reglamentas/ Bendrasis duomenų apsaugos reglamentas BDAR

អត្ថបទទាក់ទង