រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្ត និងដឹកថ្នាក់នាំខេត្ត ចូលរួមកម្មវិធីជិះកង់ដើម្បីសុខភាព ទេសចរណ៍ និងបរិស្ថាន ដែលមានរយៈចម្ងាយ ៦០ គីឡូម៉ែត្រ ចេញដំណើរពីមុខសាលាខេត្តបាត់ដំបងឆ្ពោះទៅកាន់ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ខេត្តបាត់ដំបង

  • 3.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ០៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមកម្មវិធីជិះកង់ដើម្បីសុខភាព ទេសចរណ៍ និងបរិស្ថាន ដែលមានរយៈចម្ងាយ ៦០ ៦០ គីឡូម៉ែត្រ (ទៅមក) ដោយចេញដំណើរនៅម៉ោង ៥ នឹង ៣០នាទីព្រឹកមុខសាលាខេត្តបាត់ដំបងឆ្ពោះទៅកាន់ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងបងប្អូនក្រុមជិះកង់នានាក្នុងខេត្តប្រមាណជាង ៤០០ នាក់ផងដែរ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នខេត្តបាត់ដំបង មានក្រុមជិះកង់ផ្សេងៗគ្នាជាច្រើនក្រុម ដែលពួកគាត់ឧស្សាហ៍ក្រោកពីព្រលឹមជិះកង់ហាត់ប្រាណ ដើម្បីសុខភាពនាពេលព្រឹកឡើងផង ដោយសង្កេតឃើញដូច្នេះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកម្មវិធីជិះកង់មួយ ដើម្បីធ្វើប្រមូលផ្តុំក្រុមជិះកង់ទាំងអស់មកចូលរួមជិះកង់កំសាន្ត និងដើម្បីសុខភាពផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវស្នើសុំឱ្យមានការយោគយល់អាធ្យាស្រ័យចំពោះ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ជាពិសេសអ្នកបើកបរឡាន ម៉ូតូ សូមមេត្តាបន្ថយល្បឿននៅពេលឃើញក្រុមជិះកង់ផងដែរ។

នៅក្នុងកម្មវិធីជិះកង់នេះដែរ ឯកឧត្តម អភិបាលខេត្ត និងក្រុមជិះកង់ បានចូលពិនិត្យមើលទីតាំងអនុវិទ្យាល័យកន្ទឺ១ និងស្ពានចង្អូងថ្ម នៅក្នុងឃុំកន្ទឺ១ ជាអំណោយដ៏ថ្លៃងថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។

សូមជម្រាបជូនដែរថា ការរៀបចំកម្មវិធីជិះកង់នេះ ក៏មានការចែកម៉ាស ការពិនិត្យ និងវាស់កំដៅ បាញ់អាកុល ពីក្រុមគ្រូពេទ្យ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការរីករាលដាលជំងឺកូវិដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕

អត្ថបទទាក់ទង