រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គណៈកម្មាធិការសកម្មភាពមីនខេត្តបាត់ដំបង បានធ្វើការបូកសរុបលទ្ធផលការងារក្នុងវិស័យសកម្មភាពមីន ឆ្នាំ២០១៩ និងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យសកម្មភាពមីន ឆ្នាំ២០១៩ និងទិសដៅបន្តអនុវត្តឆ្នាំ២០២០ របស់គណៈកម្មាធិការសកម្មភាពមីនខេត្ត ។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមន្ទីរ លោក អភិបាល អភិបាលរង ស្រុក មេឃុំ អង្គការដៃគូ និងមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ បានប្រសាសន៍បើកអង្គសន្និបាតនោះថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានអាជ្ញាធរមីន និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អង្គការជាតិ អន្តរជាតិ មន្ទីរ ស្ថាប័នជំនាញនានា ខេត្តបាត់ដំបងពិតជាមានមោទនភាពក្រៃលែង ចំពោះសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យសកម្មភាពមីន ទាំងកិច្ចប្រតិបត្តិការបោសសម្អាតមីន និងស្នាដៃធំៗ ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងបណ្តាឆ្នាំកន្លងៗទៅផងដែរ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានបន្តទៀតថា សម្រាប់ខេត្តបាត់ដំបង សម្រេចរំដោះដីចេញពីគ្រាប់មីន ដោយគិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន សរុបប្រមាណ ៣៧.៣៨៦ ហិចតា នៅក្នុងនោះរំដោះដីសម្រាប់កសិកម្មចំនួន ២៨.៨៣១ ហិចតា ដីលំនៅដ្ឋាន ៧២៣ ហិចតា និងរំដោះដីសម្រាប់ហេដ្ឋានរចនាសម្ព័ន្ធរូបវ័ន្ត ដូចជា សាលារៀន មណ្ឌលសុខភាព វត្ត ផ្លូវ ស្រះទឹក អណ្តូងទឹក និងប្រព័ន្ធស្រោចស្រព ចំនួន ៦.៥៤៦ ហិចតា ។

លោកអភិបាលរងខេត្ត បានសម្តែងនូវការកោតសសើរយ៉ាងជ្រាលជ្រៅ ចំពោះប្រតិបត្តិករដោះមីន ក្រុមការងារ (MAPU) ក្រុមការងារផែនការសកម្មភាពមីនថ្នាក់ខេត្តស្រុក មន្ទីរ ស្ថាប័ន អង្គការដៃគូរអភិវឌ្ឍន៍នានា ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។

សូមជម្រាបជូនដែរថា ក្រុមការងារបោសសម្អាតមីន បានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១៥៣.៦៨១ គ្រាប់ មីនប្រឆាំង រថយន្តក្រោះ ចំនួន ៣.០៩២ គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៧៧.៥៤១ គ្រាប់ និងមីនច្នៃចំនួន ៣៨៥ គ្រាប់ផងដែរ។

អត្ថបទទាក់ទង